ឯ.ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់គណៈប្រតិភូចិនខេត្តហឺណាន ឲ្យពង្រីកជើងហោះហើរត្រង់ពី ខេត្តហឺណានមកកម្ពុជា ក្នុងគោលដៅផ្ដល់នូវលំហូរទេសចរឲ្យគ្នាទៅវិញទៅមក ពិសេសដើម្បីពង្រីកសក្ដានុពលទេសចរណ៍របស់ប្រទេសទាំងពីរ

30/11/2016
7367

ឯ.ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់គណៈប្រតិភូចិនខេត្តហឺណាន ឲ្យពង្រីកជើងហោះហើរត្រង់ពី ខេត្តហឺណានមកកម្ពុជា ក្នុងគោលដៅផ្ដល់នូវលំហូរទេសចរឲ្យគ្នាទៅវិញទៅមក ពិសេសដើម្បីពង្រីកសក្ដានុពលទេសចរណ៍របស់ប្រទេសទាំងពីរ។

ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោករដ្ឋមន្រ្តី ថោង ខុន ជាមួយលោក Zhang Guangzhi អភិបាលរងខេត្តហឺណាន នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯឧ រដ្ឋមន្រ្តី បានជំរុញដល់ភាគីចិនជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរចិន ក្នុងខេត្តហឺណាន ចូលមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន។
ឯឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីខេត្តហឺណាន ជំរុញឲ្យអ្នកវិនិយោគចិនមកបោះទុនវិនិយោគ​នៅកម្ពុជា ឲ្យកាន់តែច្រើន ពិសេសការតភ្ជាប់ជើងហោះហើរត្រង់ពី ខេត្តហឺណានមករាជធានីភ្នំពេញ និងភ្ជាប់មកខេត្តនានា ក្នុងប្រទេសកម្ពុជា ដែលនេះក៏ជាគោលនយោបាយ និងទំនាក់ទំនងដ៏ធំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលប្រទេសចិន។

ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ភាគីកម្ពុជា លោក Zhang Guangzhi ក៏បានឯកភាព នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅទីផ្សារទេសចរណ៍ខេត្តហឺណាន។ ហើយលោកអភិបាលរងខេត្ត ក៏បានប្ដេជ្ញាខិតខំជំរុញឲ្យអ្នកវិនិយោគចិន ឲ្យមកបោះទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន។

សូមបញ្ជាក់ យោងតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទំហំវិនិយោគិនចិននៅកម្ពុជា ក្នុងឆ្នាំ២០១៥ មានចំនួន ៨៥៦,៥២លានដុល្លារ ឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេស(FDI) មកកម្ពុជា។ ក្នុង៩ខែដើមឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៣,៥លាននាក់ កនុងកំនើន៤,៨%ក្នុងនោះភ្ញៀវចិនមានចំនួន ៥៧៧,២៨៣នាកក្នុង កំនើន ១២,៥%។