វគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃបង្គោលប្រព័ន្ធវាយតម្លៃបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ទទួលទេសចរចិន (China Ready Accreditation Master Assessor)

18/05/2017
7519

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រសួងទេសចរណ៍ បានរៀបចំ "វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលនៃប្រព័ន្ធវាយតម្លៃបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន “China Ready” សម្រាប់ទេសចរណ៍កម្ពុជា (China Ready Accreditation System) ដោយមានការអញ្ជើញចូលរួម​ពីមន្ត្រីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងសិស្សនៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាសរុបប្រមាណ១០០នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រ "សៀវភៅ ស China Ready" សម្រាប់ទេសចរណ៍កម្ពុជា ដោយ (១)ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងការទទួលទេសចរចិន តាមរយៈការដាក់ចេញនូវយន្តការនៃការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ពីសំណាក់ប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធទាំងអស់ (២)បណ្តុះបណ្តាលមន្ត្រីវាយតម្លៃបង្គោលតាមមន្ទីររាជធានី-ខេត្ត ដែលអាចចូលរួមជាជនបង្គោលក្នុងក្រុមវាយតម្លៃប្រព័ន្ធបញ្ជាក់គុណភាព China Ready (៣)ជំរុញការផ្សព្វផ្សាយបន្តពីអត្ថប្រយោជន៍នៃយុទ្ធសាស្ត្រ "សៀវភៅ ស China Ready" សម្រាប់ទេសចរណ៍កម្ពុជាដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គ្រប់រាជធានី-ខេត្ត។

សូមជម្រាបថា សេវាកម្មទេសចរណ៍ដែលចូលរួមក្នុងកម្មវិធីបញ្ជាក់គុណភាព China Ready មាន ៧ប្រភេទ គឺៈ
-សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
-សេវាកម្មស្នាក់នៅទេសចរណ៍
-សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ (ផ្លូវទឹក និងផ្លូវគោក)
-រមណីយដ្ឋានទេសចរណ៍
-ហាងលក់ទំនិញ
-អាជីវកម្មសេវាកម្សាន្តទេសចរណ៍
-អាជីវកម្មការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។

ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ China Ready អាជីវកម្មដែលផ្តល់សេវាកម្មទេសចរណ៍ដូចបានរៀបរាប់ខាងលើត្រូវបំពេញស្តង់ដាអប្បបរមាដូចខាងក្រោម៖
•មានបុគ្គលិកបម្រើការទទួលបានការវាយតម្លៃ និងបញ្ជាក់ថាបានឆ្លងកាត់ជាប់ តេស្តកម្មវិធី CHINA READY
•មានបុគ្គលិកបម្រើការនិយាយភាសាចិន
•មានគេហរទំព័រ និងទម្រង់ផ្តល់ព័ត៌មានបកប្រែជាភាសាចិនត្រឹមត្រូវ
•ព័ត៌មានសេវាអតិថិជន(Customer Service Information) បកប្រែជាភាសាចិនត្រឹមត្រូវ
•ផលិតផល ឬសេវាមានគុណភាព
ព័ត៌មានបន្ថែមសូមអញ្ជើញអានក្នុងគេហទំព័រៈ cambodia-chinaready.org