កម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន “Beautiful China Beyond Your Imagination”

13/07/2017
8414

នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២១០៧ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ មានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន“Beautiful China beyond your imagination” ក្រោមកិច្ចផ្តួចផ្តើមរបស់រដ្ឋបាល​ទេសចរណ៍​​​ជាតិ​ចិន (CNTA) ដោយសហការជាមួយនឹងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។​ កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន លោក Tan Qingsheng ភារៈធារីនៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈុន តារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ លោកជំទាវ ឆាយ សុវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ។

កម្មវិធីផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យ​ទេសចរណ៍​​​ អាស៊ានក៏ដូចជាកម្ពុជាបានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និង​ជាប្រភព​ទីផ្សារ​ដ៏សំខាន់បំផុត។ ឈរលើស្មារតីនេះ កិច្ចសហ​ប្រតិបត្តិការ​​ផ្នែក​ទេសចរណ៍​​រវាងអាស៊ាន-ចិនត្រូវបានពង្រឹង និងពង្រីកលើគ្រប់ទិដ្ឋភាព ពិសេស​ការ​កំណត់​ឆ្នាំ២០១៧ ជា ឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន (2017​ ASEAN-China Year of Tourism Cooperation) ដែលត្រូវបាន​ស្វាគមន៍​​ដោយ​ប្រមុខដឹកនាំអាស៊ាន-ចិន ដើម្បីជំរុញលំហូរទេសចរទៅវិញ​ទៅមក(two-way tourist traffic) ដែលបានកើនឡើងដល់​ចំនួន​ប្រមាណ​ជាង ៣០ លាននាក់ កាលពីឆ្នាំ២០១៦ កន្លងមកនេះ។

នាឱកាសនោះផងដែរ ឯកឧត្តម zhang xilong​ ប្រធានគណៈប្រតិភូចិនក៏បានថ្លែងកោតសរសើរចំពោះភាគីមិត្តកម្ពុជាដែលតែងតែផ្តល់នូវកិច្ចសហការគាំទ្រជាមួយភាគីចិន ជាពិសេសទំនាក់ទំនងជាប្រវត្តិនៃចំណងការទូតដ៏យូរលង់ណាស់មក​​ហើយប្រកបដោយភាតរៈភាពដែលនៅតែបន្ត​រហូត និងត្រូវបានរិតចំណងកាន់តែជិតស្និតថែមទៀត​ដោយអ្នកដឹកនាំជាទីគោរពគឺលោកប្រធាន ម៉ៅ សេទុង លោក ជូ អេនឡាយ ព្រមទាំងមេដឹកនាំប្រជាមានិតចិន បបច្ចុប្បន្នជាមួយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ រហូតដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរឆ្ពោះទៅមុខនៃ​ទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់​ចេញពី​ការស្រូប​​ទាញ​កំណើននៃ​លំហូរ​ទេសចរចិន និងអ្នកវិនិយោគចិនបានឡើយ។ យើង​​គាំទ្រជានិច្ចចំពោះ​ការដាក់ចេញនូវ​យុទ្ធសាស្រ្ត “ខ្សែ​​ក្រវ៉ាត់​​មួយ វិថី​មួយ”​ ដែលជា​ក្រប​ខណ្ឌ​​នយោបាយ​ឈ្នះ-ឈ្នះ​របស់​​រដ្ឋាភិបាលចិនគ្រប
ដណ្តប់​​លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ​ផ្លូវសូត្រ​សមុទ្រ សតវត្សទី២១ ។

តាមសុន្ទរកថារបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជាបានដាក់​ចេញ​​​ផែនការ​​​​យុទ្ធសាស្ត្រ​​ទាក់​ទាញទេសចរចិន (២០១៦-២០២០) ពិសេស​ការ​ដាក់​ចេញ​នូវ “សៀវភៅ​​ស​​​​ស្តីពី China Ready សម្រាប់​ទេសចរណ៍​កម្ពុជា” សំដៅត្រៀមទទួល​ស្វាគមន៍ទេសចរចិនយ៉ាងតិច ២លាន​នាក់ នៅឆ្នាំ​២០២០។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា វិស័យ​​ពាណិជ្ជកម្ម និងទេសចរណ៍ គឺជាស្នូលនាំមុខនៃសេដ្ឋកិច្ចជាតិ​ វប្បធម៌គឺជា​អត្តសញ្ញាណ និងជាបេះដូងរបស់ប្រទេសជាតិ រីឯឧស្សាហកម្ម​ធ្វើ​ដំណើរ គឺជា​​​វិស័យ​ការទូតមួយថ្មីក្នុងយុគសម័យបច្ចុប្បន្ននេះ។ ការរីកចំរើននៃវិស័យទេសចរណ៍ទាមទារឲ្យមានគាំទ្រពីឧស្សាហកម្មធ្វើដំណើរ។ ក្នុងន័យនេះ ខ្ញុំស្នើឲ្យការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរ និងដៃគូរពាក់ព័ន្ធនានា នៃប្រទេសចិន និងកម្ពុជា បន្តកិច្ចសហការជិតស្និទជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី ឲ្យកាន់តែច្រើនថែមទៀត។ កម្ពុជាត្រៀមខ្លួនជាស្រេចទទួល​ស្វាគមន៍ និងផ្តល់ភាពកក់​ក្តៅ​​ជូន​ភ្ញៀវ​ទេសចរ និងវិនិយោគិនចិន។

ក្នុងឆ្នាំ​២០១៦ កម្ពុជាទទួលបាន​ទេសចរ​​​អន្តរជាតិ​​ជាង​ ​៥លាននាក់​ ក្នុងកំណើន​ ​៥% ក្នុង​នោះ​ទេសចរចិន​មាន​​​ចំនួន​ជាង ៨៣ម៉ឺននាក់ ក្នុងកំណើន​ ២០%។ ក្នុង រយៈពេល ៥ខែ ដើមឆ្នាំ២០១៧កម្ពុជាទទួលបានទេសចរអន្តរជាតិ ជិត ២លាន ៣សែន នាក់កើនឡើង ១២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលក្នុងនោះ ទេសចរចិន មានចំនួន ៤៤ម៉ឺន នាក់ កើនឡើង ៣៥,៦%។ នៅឆ្នាំ​២០១៧​ នេះ កម្ពុជា​នឹងអាចទទួលបានទេសចរចិនប្រមាណ ១លាន​​​​​​នាក់ ហើយនៅឆ្នាំ២០២០ នឹង​កើន​ដល់​យ៉ាង​​​តិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិ​សរុប​ប្រមាណ៧លាននាក់។ សូមបញ្ជាក់ផងដែរថា កំណើនគួរឲ្យកត់សម្គាល់សម្រាប់រយៈពេល៥ ខែដើមឆ្នាំនេះក៏ដោយសារការកើនឡើងនូវជើងហោះហើរត្រង់ពីប្រទេសចិនតាមរយះក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ជាមួយនឹងជើងហោះហើរចំនួន១៥០ជើងក្នុងមួយសប្តាហ៍។