កម្ពុជា-ចិន ពិភាក្សាពន្លឿនការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់អង្គរវត្ត

14/07/2017
8082

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន បានពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីពន្លឿនការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់អង្គរវត្តឲ្យបានឆាប់រហ័ស ដើម្បីធានាការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់សៀមរាបអង្គរជារៀងរាល់ឆ្នាំ។

ដើម្បីជំរុញការងារនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្រសួងទេសចរណ៍កម្ពុជាបានបង្កើតក្រុមការងារមួយដើម្បីសហការជាមួយភាគីចិន ដែលក្រុមការងារនេះដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ការរៀបចំផែនការនេះទាមទារឲ្យមានការសិក្សាម៉ត់ចត់ គ្រប់ជ្រុងជ្រោយដើម្បីធានាថាការធ្វើផែនការអភិវឌ្ឍតំបន់អង្គរ និងតំបន់ជំុវិញស្របតាមទស្សនទាន “ស្អាត និងបៃតង” ដោយប្រែក្លាយតំបន់សៀមរាបទៅជាទីក្រុងស្អាត និងបៃតង។

ឯកឧត្តម Zhang Xilong បានគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមនឹងស្នើសុំគោលការណ៍ពីឯកឧត្តមប្រធានរដ្ឋបាលទេសចរណ៍ជាតិចិនដើម្បីបញ្ជូនអ្នកជំនាញមកសហការជាមួយក្រុមការងារក្រសួងទេសចរណ៍កម្ពុជាសិក្សារៀបចំបង្កើតផែនការនេះក្នុងពេលឆាប់ៗខាងមុខ ព្រោះថាចិនមានបទពិសោធន៍ច្រើនក្នុងការរៀបចំតំបន់បេតិកភណ្ឌពិភពលោក (លំដាប់ទី២) រហូតដល់បច្ចុប្បន្ននេះ ចិនបានដាក់តំបន់បេតិកភណ្ឌចំនួន៥២ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឯកឧត្តម Zhang Xilong ក៏បានសន្យានឹងបន្តចែករំលែកបទពិសោធន៍ដែលចិន បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្មទេសចរណ៍ ស្តង់ដាតំបន់ទេសចរណ៍សម្រាកលំហែ ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមជនបទ កសិទេសចរណ៍ និងបដិវត្តកំណែទម្រង់បង្គន់អនាម័យ។

ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហទេសចរណ៍ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ និងផែនការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន ផ្តោតលើ ៦ ចំណុចសំខាន់ៗ ភាគីទាំងពីរបានលើពិភាក្សាជំរុញការរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍ចិន កម្ពុជា មួយឆ្នាំម្តង ឬច្រើនដងតាមការចាំបាច់ និងការជំរុញវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា។

ភាគីចិន នឹងពិភាក្សាបន្តរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍ចិន កម្ពុជា ដែលធ្លាប់បានធ្វើម្តងហើយនៅទីក្រុងប៉េកាំងកាលពីខែឧសភា ឆ្នាំ២០១៧នេះ ហើយឯកឧត្តម នឹងពិភាក្សាគ្នាដើម្បីរៀបចំវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍ចិន កម្ពុជាបន្តទៀតនៅឆ្នាំ២០១៨ នៅកម្ពុជា ស្របទៅនឹងការប្រារព្ធខួបលើទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា ចិន។

ព្រមជាមួយនេះ ភាគីចិនក៏បានសន្យាបន្តជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងពិនិត្យលទ្ធភាពក្នុងការក្នុងការផ្តល់ទិដ្ឋាការពិសេសសម្រាប់ពលរដ្ឋកម្ពុជាដែលមានលទ្ធភាពទៅដើរកម្សាន្តនៅប្រទេសចិន តាមការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងស្របតាមគោលនយោបាយទិដ្ឋាការពិសេសរបស់រដ្ឋាភិបាលចិនសម្រាប់ទីក្រុងមួយចំនួន (ក្នុងរយៈពេល ៧២ម៉ោង និង១៤៤ម៉ោង)។