កម្ពុជា-ចិន ឯកភាពជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា និងគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍ចិននៅកម្ពុជា

11/08/2017
8047

(ចិន)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម​ និងលោកអភិបាលខេត្តសាន់ស៊ី បានឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា និងបានគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានា របស់អ្នកវិនិយោគខេត្តសាន់ស៊ី នៅលើទឹកដីកម្ពុជាផងដែរ។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរំឭកពីប្រវត្តិទំនាក់ទំនងដ៏យូរលង់ជាមិត្តដ៏ជិតស្និទ្ធ ជឿជាក់ទុកចិត្តគ្នារវាងប្រទេសកម្ពុជា-ចិន ហើយក៏បានរំឭកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការណ៍ផ្នែកទេសចរណ៍ និងវិនិយោគ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានស្នើលោកអភិបាលខេត្តសាន់ស៊ី ជួយជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា។ កម្ពុជាក៏មានបំណងចង់បង្កើតឲ្យមានការរៀបចំស្ថានតំណាង ឬការិយាល័យទេសចរណ៍កម្ពុជាប្រចាំខេត្តសាន់ស៊ី ដើម្បីជំរុញការផ្សព្វផ្សាយ និងសម្រួលដល់ភ្ញៀវទេសចរទាំងពីរ ដែលចង់ទៅមកទស្សនាកម្ពុជា និងចិន។

លោកអភិបាលខេត្តបានគាំទ្រ និងឯកភាពជំរុញឲ្យមានការហោះហើរត្រង់ និងទៀងទាត់ ដែលបច្ចុប្បន្នទើបមានការហោះហើរជា Charter flight ប៉ុណ្ណោះ។ ព្រមជាមួយនោះ លោកអភិបាលខេត្តក៏បានស្នើឲ្យក្រសួងទេសចរណ៍កម្ពុជា ជួយគាំទ្រគម្រោងវិនិយោគផលិផលទេសចរណ៍នានា ពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។

លោកអភិបាលខេត្តបានផ្តាំផ្ញើសួរសុខទុក្ខដល់សម្តេចតេជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជូនពរឲ្យទទួលបានសុខភាពល្អកម្លាំងពលំមាំមួន និងជោគជ័យត្រចះត្រចង់រៀងរហូត ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

បន្ទាប់មក ឯកឧត្តម​រដ្ឋមន្រ្តី ក្នុងនាមប្រទេសភ្ញៀវកិត្តិយស បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ (China Xi'an Silk Road International Tourism Expo 2017) ជាមួយលោក Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន លោក Hu Heping អភិបាលខេត្តសាន់ស៊ី លោក Zhu Shanzhong នាយកប្រតិបត្តិ Unwto ដោយមានការចូលរួមពីប្រតិភូនៃប្រទេសចំនួន៣២ ក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។

ក្នុងសុន្ទរកថា ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីការគាំទ្រ និងចូលរួមជានិច្ចរបស់កម្ពុជាចំពោះយុទ្ឋសាស្ត្រ «ខ្សែក្រវាត់ និងវិថី» ដែលជាក្របខណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិន គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ សតវត្សទី២១។ លោកបានរៀបរាប់អំពីការីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងនោះបានគូសបង្ហាញពីការត្រៀមដ៏ល្អរបស់កម្ពុជា ក្នុងកាទទួលទសចរចិន (China-Ready)។

បន្ទប់ពីពិធីទូងស្គរជ័យបើកពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ ឯកឧត្តម​រដ្ឋមន្ត្រីក៏បានអញ្ជើញគណៈអធិបតី និងភ្ញៀវទាំងអស់ទៅទស្សនាស្តង់ពិព័រណ៍កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍លើកទី៤នេះ មានការចូលរួមពី៣២ប្រទេស នៅតាមបណ្តោយផ្លូវសូត្រ។ ដោយឡែក កម្ពុជាក៏បាននាំក្រុមសិល្បៈ១ក្រុមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនទេសចរណ៍ចំនួន១៧ ទៅចូលរួមផងដែរ៕