កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លិះក្នុងសន្និសីទអន្តរជាតិចិន លើកទី៣ ស្តីពីវិនិយោគវិស័យទេសចរណ៍ និងវប្បធម៌ នៅទីក្រុងគុនមីង ខេតយូណាន់ សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម បានគូសបញ្ជាក់ថា ផលិតផលទេសចរណ៍ថ្មីៗសំបូរបែប និងទាក់ទាញ គឺជាកត្តា គន្លឹះជាយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយ និងទាក់ទាញទេសចរ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំណូមពរឲ្យភាគីចិនជួជំរុញការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ។ យើងត្រូវការផលិតផលទេសចរណ៍ទាំងនោះ ទាំងនៅតំបន់សៀមរាបអង្គរ តំបន់ភំ្នពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ផងដែរ។ ផលិតផលទេសចរណ៍ត្រូវមានគ្រប់ទំរង់ ទាំងកំរិតខ្ពស់ មធ្យម និងទាប (Large scale, Medium and Small scale) ដែលធានាបាននូវភាពស្អាត និងបៃតង គោរពតាមបច្ចេកវិទ្យាចុងក្រោយ។
ឯកឧត្តមរដ្ឋមន្រ្តីសំណូមពរជំរុញឲ្យមានលំហូរទេសចរចិនកាន់តែច្រើន ព្រមទាំងសំណូមពរឲ្យមានការហោះហើរត្រង់តភ្ជាប់ពីចិន ពិសេសពីខេត្តយូណាន មកកម្ពុជាកាន់តែមានច្រើនថែមទៀត។
សូមបញ្ជាក់ថាទេសចរចិន គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក ដែលតាមការទស្សទាយរបស់អង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០២០ ទេសចរចិនចេញក្រៅប្រទេស មានចំនួនប្រមាណ ២០០លាននាក់ ហើយចំណាយប្រមាណ៤៦០ពាន់លានដុល្លារអាមេរិច។
កម្ពុជាត្រៀមជាស្រេចស្វាគមន៍ និងផ្តល់ភាពកក់ក្តៅជូនទេសចរចិននៅកម្ពុជា ដោយបាន ដាក់ចេញជាយុទ្ធសាស្រ្ត និងយុទ្ធនាការ China Ready ផងដែរ។
នាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនពីគោលនយោបាយថ្មីរបស់ រាជ រដ្ឋាភិបាលផ្តល់ជូនទិដ្ឋាការចេញចូលច្រើនដង (multiple entry visa) ដល់ទេសចរទាំងអស់ រយៈពេល ១ឆ្នាំ ២ ឆ្នាំ និង៣ ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមខែកញ្ញាឆ្នាំ២០១៦។
ប្រទេសកម្ពុជា និងចិនតែងតែមានទំនាក់ទំនងល្អ ជាមិត្តជឿទុកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ពោលគឺកម្ពុជា-ចិនជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហប្រតិបត្តិការល្អជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ យើងសង្ឃឹមថា ចំនួនអ្នកវិនិយោគចិន ក៏ដូចជាភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនកាន់តែច្រើនឡើងថែមទៀតទៅថ្ងៃអនាគត។
ក្នុង៦ខែដើម ឆ្នាំ ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណជាង ២, ៤ លាននាក់ ក្នុងនោះភ្ញៀវចិនមានចំនួនជាង ៣៨០ ០០០ នាក់ កើនឡើង១៣ %។ តាមការព្យាករណ៍ យើងសង្ឃឹមថា កម្ពុជាអាចនឹងទទួលទេសចរចិនមកទស្សនាប្រមាណ៩០ ម៉ឺន នាក់ ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២០ ប្រមាណ២លាននាក់។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍