រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពដ៏សំខាន់មួយក្នុងការកសាងសេដ្ឋកិច្ច‑សង្គម ដោយបាននាំមកនូវចំណូលជូនជាតិផ្តល់ឱកាសការងារ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព។
អង្គការទេសចរណ៍ពិភពលោកបានចង្អុលបង្ហាញប្រកបដោយសុទ្ធិដ្ឋិនិយមថាប្រទេសចិនជាអនាគតនៃវិស័យទេសចរណ៍សកលលោកសម្រាប់កូនចៅជំនាន់ក្រោយ (១១៧លាននាក់ ទៅទស្សនាជុំវិញពិភពលោក) “ដូច្នេះដើម្បីឆ្លើយតបឲ្យបានឆាប់រហ័សច្បាមយកប្រយោជន៍នៃកាល្លានុវត្តន៍ថ្មីនេះ ក្រសួងទេសចរណ៍បានដាក់ចេញសេចក្តីព្រាងសៀវភៅ "ស" ស្តីពី "China–Ready” សម្រាប់ទេសចរណ៍កម្ពុជា (ដោយគ្រោងដាក់ចេញនូវប្រព័ន្ធវាយតម្លៃគុណភាព (China-ready accreditation System) និងបង្កើតមជ្ឈមណ្ឌលទ្រទ្រង់ China-Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលជាផែនទីបង្ហាញផ្លូវមួយសម្រាប់ផ្នែកឯកជនត្រៀមខ្លួន និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នៃភាពជាដៃគូរដ្ឋ និងឯកជន”។
ការបណ្តុះបណ្តាល
ការពង្រឹងជំនាញភាសាចិនដល់អ្នកផ្គត់ផ្គង់សេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ (បណ្តុះបណ្តាលភាសាចិនដល់បុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍សម្រាប់ភ្ញៀវចិន មគ្គុទ្ទេសក៍ចិន)ឱ្យស្របតាមលក្ខខណ្ឌនៃប្រព័ន្ធ China Ready Accreditation។
- បណ្តុះបណ្តាល និងបញ្ជ្រាបការយល់ដឹងអំពីទម្លាប់ និងវប្បធ៌មរស់នៅរបស់ចិន (Chinese TABOO) និងបដិសណ្ឋារកិច្ចដល់ទេសចរចិន។
ការសិក្សាទីផ្សារចិនសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា
- សិក្សាទីផ្សារ និងវិភាគនិន្នាការ ទីផ្សារទេសចរណ៍ចិន ក្នុងគោលបំណងបង្កើនគុណភាពសម្រាប់សេវាកម្ម ពិសេសសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនសម្រាប់ភ្ញៀវទេសចរចិន
- សិក្សានិងផ្តល់ប្រឹក្សាធុរកិច្ច ឱកាស និងការវិនិយោគ ពង្រឹង និងពង្រីកផលិតផលទេសចរណ៍សម្រាប់ទីផ្សារទេសចរណ៍ចិន
- រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីលក្ខណៈ និងអត្ថប្រយោជន៍ទីផ្សារចិនដល់ភាគីពាក់ព័ន្ធ
ការផ្សព្វផ្សាយទីផ្សារទេសចរណ៍ចិន
រៀបចំព័ត៌មានទេសចរណ៍កម្ពុជា ជាភាសាចិន និងផ្សព្វផ្សាយតាមគ្រប់រូបភាពដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ចិនមកទស្សនាកំសាន្តនៅកម្ពុជា
ធុរកិច្ច និងការវិនិយោគសម្រាប់ទីផ្សារចិន (China Ready)
- ផ្តល់សេវា និងទីប្រឹក្សាអំពីធុរកិច្ច អាជីវកម្ម ដល់គោលដៅទេសចរណ៍ដើម្បីត្រៀមទទួលទេសចរចិន