ក្រសួងទេសចរណ៍បិទវគ្គបណ្តុះបណ្តាល ស្តីពីគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨

១០ កញ្ញា ២០១៨
5282

សៀមរាប: ព្រឹកថ្ងៃសុក្រ ១៣កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ក្រសួងទេសចរណ៍ជាមួយ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ (Beijing International Chinese College) ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ការបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ទេសចរចិន ឆ្នាំ២០១៨ ក្រោម អធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Liu Yunan ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប។ 
វគ្គបណ្តុះបណ្តាល ស្តីពី គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨
បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមពីមន្ត្រីនៃក្រសួង មន្ទីរទេសចរណ៍រាជធានី-ខេត្ត មគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកពីវិស័យឯកជនផ្នែកទេសចរណ៍ចំនួន ៧៨នាក់ ដែលបង្រៀនដោយគ្រូបង្រៀនឯកទេស និងអ្នកជំនាញចិនផ្ទាល់។ វគ្គបណ្តុះបណ្ដាលនេះ បានផ្តល់ជាចំណេះដឹង និងបទពិសោធន៍បន្ថែមពីអន្តរជាតិ និងការចែករំលែកបទពិសោធន៍ការងារជាក់ស្តែងស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងមគ្គុទ្ទេសក៍ទេសចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិន ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរចិន និងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រ សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍កម្ពុជា។ ក្នុងរយៈពេល ១៦ ថ្ងៃ នៃការបណ្តុះបណ្តាល សិក្ខាកាមបានសិក្សាពី
ភាសា និងវប្បធម៌ចិន របៀបដើម្បីកោតសរសើរបេតិកភ័ណ្ឌវប្បធម៌ គោលការណ៍សេវាកម្មមគ្គុទ្ទេសក៍ ទំនួលខុសត្រូវរបស់មគ្គុទ្ទេសក៏ទេសចរណ៍ ក្រមសីលធម៌ និងវិន័យមគ្គុទ្ទេសក៏ ការចែករំលែកបទពិសោធន៍ និង បានធ្វើតេស្តសមត្ថភាពនៅចុងវគ្គសិក្សា និងទទួលបាន បេក្ខជនចំនួន ៦នាក់ត្រូវបានជ្រើសរើសទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍បន្តនៅទីក្រុងបេកាំង ឆ្នាំ២០១៩។ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ
នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀត។

សូមជម្រាបថានៅឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជា ចំនួន ៥,៦លាន នាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១,២លាន នាក់ កើនឡើង ៤៦% ឈរនៅលំដាប់ទី១ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឹននាក់ កើន ៧៦% និងមានចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា។ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន មានចំនួន ១០៤៦នាក់ ក្នុងនោះខេត្តសៀមរាបមាន ៨៥១នាក់៕